Sunday Sanctuary Worship at 10:00 AM — join us this week!
Telegram
Home/Articles/Reading Room
•5 min read•Leader Hun Chet

គ្រីស្ទបរិស័ទ និងការប្រើប្រាស់បណ្តាញសង្គមដោយប្រុងប្រយ័ត្ន

គ្រីស្ទបរិស័ទ និងការប្រើប្រាស់បណ្តាញសង្គមដោយប្រុងប្រយ័ត្ន

នៅក្នុងយុគសម័យឌីជីថល បណ្តាញសង្គម ដូចជា Facebook, Instagram, TikTok, YouTube ជាដើម បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ក្នុងនាមជាគ្រីស្ទបរិស័ទ បណ្តាញសង្គមអាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការផ្សាយដំណឹងល្អ និងការលើកទឹកចិត្ត ប៉ុន្តែវាក៏អាចជាអន្ទាក់ដែលនាំឱ្យយើងធ្លាក់ចូលទៅក្នុងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ការខាតបង់ពេលវេលា និងការបាត់បង់សេចក្តីសុខសាន្តផងដែរ។

ដូច្នេះ តើយើងគួរប្រើប្រាស់បណ្តាញសង្គមយ៉ាងដូចម្តេច ដើម្បីក្លាយជាប្រយោជន៍ និងថ្វាយសិរីល្អដល់ព្រះ?

១. ធ្វើជាពន្លឺ និងអំបិលនៅក្នុងពិភពឌីជីថល

«ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង​ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។»
ម៉ាថាយ ៥:១៦

រាល់ការបង្ហោះ ការបញ្ចេញមតិ ឬការចែករំលែករបស់យើង គួរតែឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងសេចក្តីពិតរបស់ព្រះគ្រីស្ទ។ យើងអាចប្រើប្រាស់បណ្តាញសង្គម ដើម្បីលើកទឹកចិត្តអ្នកដទៃ ចែករំលែកខគម្ពីរ ឬចែកចាយទីបន្ទាល់ដែលថ្វាយសិរីល្អដល់ព្រះ។

២. ប្រុងប្រយ័ត្នចំពោះពាក្យសម្តី និងការបញ្ចេញមតិ

នៅលើបណ្តាញសង្គម មនុស្សងាយនឹងប្រើពាក្យសម្តីធ្ងន់ៗ ឬរិះគន់គ្នាដោយមិនស្ទាក់ស្ទើរ ព្រោះពួកគេមិនបានឃើញមុខគ្នាផ្ទាល់។ ក្នុងនាមជាអ្នកជឿ យើងត្រូវគ្រប់គ្រងពាក្យសម្តីរបស់យើង។

«មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។»
អេភេសូរ ៤:២៩

យើងគួរជៀសវាងការចូលរួមក្នុងការជជែកវែកញែក ការឈ្លោះប្រកែក ឬ Drama ដែលគ្មានប្រយោជន៍។ មុននឹងចុច Comment ឬ Share សូមសួរថា ពាក្យនេះនាំឱ្យមនុស្សស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់ ឬធ្វើឱ្យគេរងរបួសបន្ថែម?

៣. ការពារចិត្តគំនិតពីការប្រៀបធៀប

បណ្តាញសង្គមតែងតែបង្ហាញតែភាពល្អឥតខ្ចោះនៃជីវិតរបស់មនុស្សម្នាក់ៗ។ វាអាចធ្វើឱ្យយើងមានអារម្មណ៍ច្រណែន ចង់បានដូចគេ បាក់ទឹកចិត្ត ឬមិនពេញចិត្តនឹងអ្វីដែលព្រះបានប្រទានមកយើង។

«ចូរ​រក្សា​ចិត្ត​ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត​សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក។»
សុភាសិត ៤:២៣

ត្រូវចងចាំថា អ្វីដែលគេបង្ហាញនៅលើបណ្តាញសង្គម គឺជាផ្នែកតូចមួយដែលគេបានរៀបចំទុកមុនប៉ុណ្ណោះ។ វាមិនមែនជាជីវិតពិតទាំងស្រុងនោះទេ។ កុំឱ្យអេក្រង់តូចមួយកំណត់តម្លៃនៃចិត្ត និងអត្តសញ្ញាណរបស់អ្នក។

៤. គ្រប់គ្រងពេលវេលាឱ្យមានប្រាជ្ញា

ការចំណាយពេលច្រើនម៉ោងក្នុងការអូសទូរស័ព្ទ អាចលួចពេលវេលាដ៏មានតម្លៃរបស់យើងពីការអធិស្ឋាន ការអានព្រះបន្ទូល និងការចំណាយពេលជាមួយគ្រួសារ ឬមិត្តភក្តិក្នុងជីវិតពិតជាក់ស្តែង។

«ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត​ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។»
អេភេសូរ ៥:១៥-១៦

មុននឹងបង្ហោះ សូមគិតតាម THINK

មុននឹងអ្នកបង្ហោះ ឬសរសេរអ្វីមួយ សូមសួរខ្លួនឯងនូវសំណួរទាំងនេះ៖

  • T — True: តើវាជាការពិតដែរឬទេ? សូមជៀសវាងការចែករំលែកព័ត៌មានក្លែងក្លាយ។
  • H — Helpful: តើវាមានប្រយោជន៍ដល់អ្នកអានដែរឬទេ?
  • I — Inspiring: តើវាជួយលើកទឹកចិត្តអ្នកដទៃដែរឬទេ?
  • N — Necessary: តើវាចាំបាច់ត្រូវតែបង្ហោះដែរឬទេ?
  • K — Kind: តើវាពោរពេញដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ដែរឬទេ?

សេចក្តីសន្និដ្ឋាន

បណ្តាញសង្គមមិនមែនជារឿងអាក្រក់នោះទេ វាអាស្រ័យលើរបៀបដែលយើងប្រើប្រាស់វា។ ក្នុងនាមជាគ្រីស្ទបរិស័ទ សូមឱ្យយើងប្រើបណ្តាញសង្គមសម្រាប់ថ្វាយសិរីល្អដល់ព្រះ លើកទឹកចិត្តមនុស្ស និងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទនៅក្នុងពិភពឌីជីថល។

ការអធិស្ឋានខ្លី

ព្រះអម្ចាស់ សូមជួយឱ្យខ្ញុំប្រើប្រាស់បណ្តាញសង្គមដោយប្រាជ្ញា សេចក្តីស្រឡាញ់ និងការគោរពដល់ព្រះ។ សូមឱ្យពាក្យសម្តី និងការបង្ហោះរបស់ខ្ញុំក្លាយជាពន្លឺសម្រាប់អ្នកដទៃ ហើយថ្វាយសិរីល្អដល់ព្រះជានិច្ច។ អាមែន។

សូមព្រះប្រទានពរ Follow For More.

About The Preacher & Writer
Hun Chet
Hun ChetSharing the Gospel through biblical encouragement, Christian teaching, prayer, and ministry content that points hearts to Jesus Christ.
← Back to all articles
Study LibraryVideo Archives